Monday, 2 May 2022

ពូជគោដ្រោតម៉ាស្ទើរ(Droughtmaster)

 

១.សេចក្ដីផ្តើម

        មុខរបរចិញ្ចឹមគោគឺជាចំណែកមួយនៃវិស័យកសិកម្មដែលប្រជាកសិករយើងបាននាំគ្នាចិញ្ចឹមអស់រយៈពេលជាយូរឆ្នាំមកហើយ។ សព្វថ្ងៃការចិញ្ចឹមគោមានពីរគឺ ការចិញ្ចឹមបែបពានិជ្ជកម្ម និង ការចិញ្ចឹមបែបគ្រួសារ។ តាមការប៉ាន់ប្រមាណនៅឆ្នាំ២០១៤​ សត្វគោនៅកម្ពុជាមានចំនួន ៣០៥៩៩២៧ក្បាល ក្នុងនោះមានការចិញ្ចឹម​បែបគ្រួសារមានចំនួនប្រមាណ ៨៣ % និង ការចិញ្ចឹមតាមបែបពានិជ្ជកម្មមានប្រមាណជា ១៧% ។ រហូតមកដល់ឆ្នាំ២០១៨ សត្វគោសរុបមានចំនួន ២៩២៨៥៣៤ក្បាល ដែលក្នុងនោះការចិញ្ចឹមតាមបែបពានិជ្ជកម្មមានចំនួនប្រមាណជា ២៣% ហើយការចិញ្ចឹមតាមបែបគ្រួសារមានចំនួន ៧៧%។ ដោយការចិញ្ចឹមតាមបែបលក្ខណៈគ្រួសារនៅតែមានចំនួនច្រើនជាងការចិញ្ចឹមបតាមបែបពានិជ្ជកម្មនោះធ្វើពូជគោនៅកម្ពុជាមិនទាន់មានការរីកចម្រើននៅឡើយ។ ទាំងនេះក៏ដោយសារប្រជាជនខ្មែរយើងមិនទាន់ទទួលយកនូវការបង្កាត់គោបែបសិប្បនិម្មិតនៅឡើយ រីឯចំណេះដឹងទៅលើពូជគោក៏មិនទាន់មានគ្រប់គ្រាន់។ល។

        ដូច្នេះហើយសៀវភៅនេះនឹងលើកយកពូជគោដ្រោតម៉ាស្ទើរ (Droughtmaster) មកបង្ហាញដល់អ្នកអានគ្រប់រូបដើម្បីបានជាចំណេះដឹង។

 


២.ប្រវត្តិពូជគោដ្រោតម៉ាស្ទើរ (Droughtmaster)

        ពូជគោដ្រោតម៉ាស្ទើរមានដើមកំណើតដំបូងនៅភាគខាងជើងនៃរដ្ឋ ឃ្វីនឡែនដ៏(Queensland) ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩១៥ ហើយឈ្មោះថា ដ្រោតម៉ាស្ទើរ(Droughtmaster) នេះត្រូវបានដាក់ដោយក្រុម​អ្នកជំនាញគោក្របីនៅរដ្ឋឃ្វីនឡែនដ៏។ ពូជនេះធ្វើការបង្កាត់ឡើងដោយយកពូជគោShorthorn  បង្កាត់ជាមួយពូជគោ Brahman Shorthorn ជាប្រភេទពូជគោដែលគ្មានស្នែង ឬ មានស្នែងខ្លីហើយជាពូជគោដែលអត់ដែលអត់បូក វាស្ថិតក្នុងប្រភេទគោ Bos taurus ដែលមានការចិញ្ចឹមច្រើននៅ អឺរ៉ុប និង អាព្រិច តាំងពី ៥៥០០-៧០០០ ឆ្នាំមុន ។ Brahman ជាពូជគោ​ចិញ្ចឹមនៅតំបន់ត្រូពិចវាស្ថិតក្នុងប្រភេទគោ Bos indicus ដែលមានដើមកំណើតនៅប្រទេសឥណ្ឌាតាំងពី ៨០០០ឆ្នាំមុន។ ដូចនេះនៅក្នុងឈាមរបស់ពូជគោដ្រោតម៉ាស្ទើរមានឈាមពូជគោShorthorn 50%និងឈាមពូជគោBarman 50%







 គោលបំណងដែលអ្នកបង្កាត់ ធ្វើការបង្កាត់ពូជគោដ្រោតម៉ាស្ទើរនេះឡើងគឺក្នុងគោលបំណងចង់បានពូជគោដែលមានលក្ខណៈធន់ទៅនឹងកម្ដៅ ដើម្បីជម្នះនូវបញ្ហាគ្រោះរាំងស្ងួត។ បន្ទាប់ពីបង្កាត់បានជោគជ័យមក នៅឆ្នាំ ១៩៧០ពូជគោប្រភេទនេះមានការនាំចេញទៅកាន់ប្រទេសតំបន់អាស៊ី អាព្រិច អាមេរិកឡាទីន អាមេរិកខាងត្បូង មជ្ឈិមបូព៌ា និង កោះប៉ាស៊ីហ្វិក។

៣. លក្ខណៈពិសេស

ជាពូជគោដែលគេចិញ្ចឹមយកសាច់ ភាគច្រើនមានចិញ្ចឹមនៅតំបន់ដែលមានសីតុណ្ហភាពក្ដៅព្រោះធន់ទៅនឹងកម្តៅនិងភាពរាំងស្ងួត, ងាយកើតកូន, សាច់មានគុណភាព, ស្លូតហើយស៊ាំង និងធន់ប៉ារាសិត។ វាមានអំណោយផលសម្រាប់ការចិញ្ចឹមនៅតាមបណ្ដាប្រទេសដែលមានអាកាសធាតុត្រូពិច ក្នុងនោះកម្ពុជាយើងក៏អាចចិញ្ចឹមបានដែរ ។

ជាទូទៅសត្វគោឈ្មោលមានទម្ងន់  1000 kg ចំណែកឯគោញីមានទម្ងន់ 695 kg។ រឺឯកម្ពស់វិញគឺគោឈ្មោលមានកម្ពស់ 168 cm ហើយគោញីមានកម្ពស់ 137 cm

 

 គោឈ្មោល Droughtmaster



 

គោញី Droughtmaster


 

ដ្រោតម៉ាស្ទើរមានពណ៌សម្បុរ ក្រហម តែមិនមែនក្រហមសុទ្ធនោះទេគឺ ក្រហមងងឹត ហើយជាពិសេសវាគ្មានស្នែងទេ ឬ មានដែរតែខ្លី។ ពណ៌ក្រហមនេះហើយដែលជួយការពាវាពីកម្ដៅព្រះអាទិត្យ និង  ងាយគេចផុតពីជំងឺមហារីកស្បែក ព្រមទាំងជំងឺពកដុំស្បែកផងដែរ។


៤. ឯកសារយោង

1.   www.wikipedia.org

2.   www.droughtmaster.com.au

3.   www.redhillstud.com.au

4.   www.anglezed.com

5.   ក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ

6.   Page: OB Livestock-អូប៊ី ឡាយស្តុក

No comments:

Post a Comment

ប្រព័ន្ធផ្លូវដង្ហើម

  I . សេចក្ដីផ្ដើម ប្រព័ន្ធផ្លូវដង្ហើមជាប្រព័ន្ធមួយយ៉ាងសំខាន់សម្រាប់ទ្រង់ជីវិតរបស់ មនុស្ស សត្វ។ ព្រោះថារាល់វិនាទី មនុស្ស សត្វ ដែលមានជីវ...